Thursday, October 9, 2014

លោក ហ៊ុន សែន សម្រេច​ឲ្យ​អ្នក​មាន​ប្រាក់បៀវត្សរ៍​លើសពី​៨០​ម៉ឺន​រៀល​ត្រូវ​ជាប់ពន្ធ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាស​ថា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រេច​ឲ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់បៀវត្សរ៍​ចាប់ពី​៨០​ម៉ឺន​រៀល​ឡើងទៅ នឹង​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​។​
​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ (CUS) ​នៅ​កោះ​ពេជ្រ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កាលពីមុន​មន្ត្រីរាជការ និងប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់ខែ​ចាប់ពី​៥០​ម៉ឺន​រៀល នឹង​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ប៉ុន្តែ​ឥឡូវនេះ​លោក​សម្រេច​ឲ្យ​អ្នក​មាន​ប្រាក់បៀវត្សរ៍​ចាប់ពី​៨០​ម៉ឺន​ រៀល​វិញ ជា​អ្នក​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​។ លោក​ថា លោក​បាន​ចារ​ឯកភាព​លើ​សេចក្តីព្រាងច្បាប់​ថវិកា​រួចហើយ បន្ទាប់មក​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ឆ្លង​ឲ្យបាន​នៅ​សប្តាហ៍​ទី​៤ នៃ​ខែ​តុលា​នេះ​។
លោក​បញ្ជាក់ថា «​ ក្រោម​៨០​ម៉ឺន​គឺ​អត់​ជាប់ពន្ធ​ទេ គ្រាន់​តែ​ប៉ុណ្ណឹង រដ្ឋ​ត្រូវ​បាត់បង់​ចំណូល​១០​លាន​ដុល្លារ ប៉ុន្តែ​វា​តិចតួច​ដែរ​ទេ ដើម្បី​ឲ្យ​មន្ត្រីរាជការ កម្មករ​កម្មការិនីរ​បស់​យើង​មិន​ជាប់ពន្ធ​ប្រាក់បៀវត្សរ៍ ព្រោះ​ប្រទេស​ណា​ក៏​ដោយ​ក៏​មាន​អា​ពន្ធ​បៀវត្សរ៍​ហ្នឹង​ដែរ​»​។​

VOD មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ទេ​នៅ​ព្រឹក​នេះ​។​
ពាក់ព័ន្ធ​នឹង​ការសម្រេច​នេះ អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោក កែម ឡី យល់ថា ជា​ការប្រសើរតែ​ត្រូវ​មាន​ទិន្នន័យ​សិក្សា​ស្រាវជ្រាវ​ឲ្យបាន​គ្រប់​ ជ្រុងជ្រោយ ដើម្បីឲ្យការអនុវត្ត​មាន​ប្រសិទ្ធភាព​។ លោក​ថា ការកំណត់​កាត់​ពន្ធ​ប្រាក់បៀវត្សរ៍​ត្រឹម​៨០​ម៉ឺន​រៀល​ឡើង គ្រាន់តែ​អាច​សម្រួល​ដល់​ជីវភាព​ចំពោះ​អ្នកមាន​ប្រាក់បៀវត្សរ៍​តិច​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ទាន់​មាន​ទិន្នន័យ​ណាមួយ​បញ្ជាក់ថា​ជា​ចំនួន​ល្អ ឬក៏​យ៉ាងណា​នៅឡើយ​ទេ។ លោកថា ​«​ទាល់តែ​មាន​គេ​ហៅ​ថា​មី​នី​ម៉ូ​ម​(​ទាប​ បំផុប​)​សិន ប្រាក់បៀវត្សរ៍​អប្បបរមា​ត្រឹមណា ព្រោះ​អី​យើង​អត់​ទាន់​មាន​កម្រិត​ប្រាក់បៀវត្សរ៍​ជាតិ​មួយ​ផង ហើយ​យើង​អត់​ទាន់​ដឹងថា​តើ​កម្រិត​អប្បបរមា​ត្រឹមណា​? គេ​យក​កម្រិត​៣០​ភាគរយ​ឡើងលើ កម្រិត​អប្បបរមា​ដើម្បី​ជាប់ពន្ធ ប៉ុន្តែ​ប្រសិនជា​ក្រោម​នេះ​គេ​អត់​យក​ពន្ធ​ទេ ជា​ស្តង់ដារ​អន្តរជាតិ​»​។​
​ចំណែកប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោក រ៉ុង ឈុន យល់ថាការសម្រេច​នេះ​នឹង​មាន​ភាពល្អប្រសើរ ប្រសិន​ជា​កំណត់​តែ​លើ​ប្រាក់បៀវត្ស​រ៍គោល ដោយ​មិន​បូក​បញ្ចូល​ប្រាក់​បន្ថែម​ម៉ោង ឬ​ប្រាក់​បន្ទាប់បន្សំ​ផ្សេងទៀត ដែល​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​កម្មក​រ​កម្មការិនី ក៏ដូចជា​មន្ត្រីរាជការ​ដែល​មាន​ប្រាក់ខែ​ទាប​។ លោកបញ្ជាក់ថា «​វា​ ធ្វើឲ្យ​មាន​ការ​ប្រសើរ​ដែរ​ចំពោះ​គ្រូបង្រៀន​កម្មករ​មន្ត្រីរាជកា​រ​ មួយចំនួន​ហ្នឹង ត្រូវ​បាន​រួច​ពន្ធ ប៉ុន្តែ​យើង​សូមបញ្ជាក់​ថា ត្រូវ​បែងចែក​ឲ្យ​ច្បាស់ កុំ​ឲ្យ​សរសេរ​ទៅលើ​ពន្ធ​ប្រាក់ខែ ឬ​ប្រាក់​ឈ្នួល​តែ​ប៉ុណ្ណឹង វា​ច្របូកច្របល់​ទៀតហើយ​។ យើង​ចង់​សំដៅថា ទៅលើ​ប្រាក់ខែ​គោល ឬ​មួយ​ប្រាក់ខែ​គោល​រួមជាមួយ​ប្រាក់​បន្ទាប់បន្សំ​ប្រចាំខែ​»​។​
​តាម​ការកំណត់​ប្រាក់​ពន្ធ​ប្រចាំខែ​របស់​និយោជិត នាពេល​បច្ចុប្បន្ន​នេះ កំណត់ថា ប្រាក់បៀវត្សរ៍​ដែល​មាន​ចំនួន​ស្មើ ឬ​តិច​ជាង​៥០​ម៉ឺន​រៀល​(​ប្រហែល​១២៥​ដុល្លារ​)​មិន​តម្រូវឲ្យ​បង់ព​ន្ធទេ​។ សម្រាប់​ប្រាក់បៀវត្សរ៍​លើសពី​ ៥០០ ០០០​រៀល​ ដល់ ​១​​ ២៥០ ០០០រៀល​ត្រូវ​បង់ពន្ធ​ចំនួន​៥​ភាគរយ និង​ប្រាក់បៀវត្សរ៍​លើសពីនេះ​តម្រូវឲ្យ​បង់ព​ន្ធ​ពី​១០​ដល់​២០​ភាគរយ ទៅតាម​កំណើន​នៃ​ប្រាក់​បៀវត្សរ៍​។​
បច្ចុប្បន្នក្រុម​សហជីព​កំពុង​ធ្វើ​ការតវ៉ា​ទាមទារ​ឲ្យមាន​ការដំ​ ឡើងប្រាក់​ឈ្នួល​អប្បបរមា​ឲ្យដល់​១៧៧ដុល្លារ (​ជាង​៧០​ម៉ឺន​រៀល​) ដោយ​គេ​រកឃើញ​ថា ចំនួន​នេះ​នឹង​អាច​ធ្វើឲ្យ​ពួកគេ​រស់នៅ​សមរម្យ​។ ការសម្រេច​ថ្មី​នេះ នឹង​រក្សា​ចំនួន​ប្រាក់​ឈ្នួល​អ​ប្បរមា​ដែល​កម្មករ​ទាមទារ​នៅ​រួច​ កាតព្វកិច្ច​បង់ពន្ធ​ដដែល​៕​
​សរសេរ​មកកាន់​កញ្ញា តាមរយៈ​ vicheika@vodhotnews.com

0 comments: